ខ្សែភ្លើងឆក់ស្លាប់ទាំងព្រឹក ព្រោះតែធ្វេសប្រហែសពេក ត្រូវពេលតខ្សែភ្លើងដាក់ម៉ូទ័របូមទឹក
គួរឲ្យរន្ធត់ចិត្តជាខ្លាំង ខណៈដែលក្រុមគ្រួសារជនរងគ្រោះ នាំគ្នាស្រែកទ្រហោយំ និងស្រែកហៅអ្នកភូមិឲ្យជួយ សង្គ្រោះ លើកកប់ដាក់ក្នុងដីខ្សាច់ រួចធ្វើចលនា ដៃជើង និងប្រញាប់ដឹកយកទៅមន្ទីរពេទ្យ ប៉ុន្តែជាអកុសល នោះ អ្វីៗគឺហួសពេលអស់ទៅហើយ ព្រោះតែជនរងគ្រោះខាងលើ តខ្សែភ្លើងម៉ូទ័របូមទឹក ខ្វះការប្រុងប្រយ័ត្ន បណ្ដាលឲ្យឆក់ស្លាប់ តែម្ដង ។
ហេតុការណ៍មួយនេះ បានកើតឡើង កាលពីវេលាម៉ោង៧ ព្រឹកថ្ងៃ ទី១០ខែ ឧសភា ឆ្នាំ ២០២០ ស្ថិតនៅ ចំណុចភូមិសំយោង ឃុំសំយោង ស្រុកំពង់រោទ៍ ខេត្តស្វាយរៀង ។
បើតាមប្រភពពីសមត្ថកិច្ចនគរបាលស្រុក បានឲ្យដឹងថា បុរសរងគ្រោះមានឈ្មោះ នេត ផល្លី អាយុ៥៦ឆ្នាំ មុខរបរកសិករ រស់ក្នុងភូមិឃុំកើតហេតុខាងលើ ។ តាមការរៀបរាប់ពីក្រុមគ្រួសារ បានប្រាប់សមត្ថកិច្ចថា
ជនរងគ្រោះ ជាទម្លាប់ ពេលព្រឹកតែងតែបូមទឹកដាក់ពាងដូចសព្វដង ហើយនៅព្រឹកកើតហេតុគាត់បានទាញ ខ្សែភ្លើងដាក់ តម៉ូទ័របូមទឹក ប៉ុន្តែមិនបានបិទបារ៉ែតភ្លើងនោះទេ ខណៈកំពុងរាយខ្សែចេញមកខាងក្រៅផ្ទះ ស្រាប់តែត្រូវខ្សែភ្លើងឆក់ដេកដួលលើដី បង្កការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារ ស្រែកហៅអ្នកភូមិឲ្យជួយសង្គ្រោះ លើកកប់ក្នុងខ្សាច់ និងធ្វើចលនាដៃជើង រួចប្រញាប់ដឹកទៅកាន់មន្ទីរពេទ្យ ប៉ុន្តែជាអកុសល គឺបានហួស ពេលទៅហើយ ។
បច្ចុប្បន្ន សពត្រូវបានសមត្ថកិច្ច បានប្រគល់ទៅឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណីហើយ ៕